Love

Myspace HTML Codes & Layout Generators
Myspace Backgrounds

Jan 21, 2014

ប្រវត្តិរូបសង្ខេបសម្តេចព្រះសង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ​ (ភាគទី ១)


សម្ដេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ (​ជោ​ត​ញ្ញា​ណោ​)​ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១​ នៃ​គណៈមហានិកាយ​ (​ប្រសូត​ ១១​ មីនា​ ព​.​ស​.២៤២៧/​គ​.​ស​.១៨៨៣​ សុគត​ ២៥​ កញ្ញា​ ព​.​ស​.២៥១៣/​គ​.​ស​.១៩៦៩)​ ជា​សម្ដេចព្រះសង្ឃរាជ​អង្គ​ទី​៤​ នៃ​គណៈមហានិកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ទ្រង់​កាន់​តំណែង​ពី​ព​.​ស​.២៤៩២​ ដល់​ ព​.​ស​.២៥១៣​ ក្នុង​រជ្ជសម័យ​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​។​



ព្រះរាជ​ជីវប្រវត្តិ​

​ជាតិ​បរិច្ឆេទ​ (​កំណត់​អំពី​ជាតិ​)

​​​សម្ដេចព្រះសង្ឃរាជ​ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ​ ១១​រោច​ ខែ​ផល្គុន​ ឆ្នាំវក​ ឆស័ក​ ព​.​ស​.២៤២៧​ គឺ​ថ្ងៃ​ទី​១១​ ខែ​ មីនា​ គ​.​ស​.១៨៨៣​ នៅ​ភូមិ​កំ​រៀង​ សង្កាត់​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​ សម្ដេច​មាន​ព្រះ​ជាតិ​ក្នុង​ត្រកូល​កសិករ​ ព្រះ​មាតា​នៃ​សម្ដេច​នាម​ យក់​ ព្រះ​បិតា​នាម​ ព្រហ្ម​ ជួន​។​ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ​ អង្គ​សម្ដេចព្រះសង្ឃរាជ​និង​លោក​ឧកញ៉ា​សោ​ភណ្ឌ​មន្ត្រី​ ជួននុតជាព្រះអនុជនៃសម្ដេចព្រះសង្ឃរាជ​។​
​កុមារ​បរិច្ឆេទ​ (​កំណត់​អំពី​ភាព​នៃ​កុមារ​)
​សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារភាព​ មាន​ព្រះ​ជន្មាយុ​រវាង​១២​ឆ្នាំ​ ព្រះ​មាតាបិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀនសូត្រ​អក្សរសាស្ត្រ​ របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូសូត្រស្ដាំ​នាម​ កែ​ ម៉​ម​ វត្ត​ពោធិព្រឹក្ស​ ហៅ​វត្ត​ពោល្យំ​ សង្កាត់​រលាំង​កែន​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​
​​បព្វជ្ជា​បរិច្ឆេទ​ (​កំណត់​អំពី​បព្វជ្ជា​)
​លុះ​សម្ដេច​មាន​ព្រះ​ជន្មាយុ​១៤​ឆ្នាំ​ បាន​បួស​ជា​សាមណេរ​ ក្នុង​ថ្ងៃ​១៥​កើត​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៤៤១​ គ​.​ស​.១៨៩៧​ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិព្រឹក្ស​ អស់​រយៈកាល​ពីរ​ឆ្នាំ​ ទើប​ចេញ​អំពី​វត្ត​ពោធិព្រឹក្ស​ទៅ​រៀនសូត្រ​ព្រះ​បរិយត្តិ​ធម៌​ ឯ​វត្ត​ឧណ្ណាលោម​ ក្រុងភ្នំពេញ​ ក្នុង​សំណាក់​ព្រះពុទ្ធ​គ្រូ​ ទេព​ សោ​ នា​កុដិ​ថែវ​ប្រប​កំពែង​ខាងជើង​ក្នុង​កាល​ព​.​ស​.២៤៤៣​ គ​.​ស​.១៨៩៩​។​
​​ឧប្បសម្បទា​បរិច្ឆេទ​ (​កំណត់​អំពី​ឧបសម្បទា​)
​សម្ដេច​ លុះ​បាន​ព្រះ​ជន្មាយុ​គម្រប់​២១​ព្រះ​វស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូមឧ​បម្ប​ទា​ជា​ភិក្ខុ​ ក្នុង​វត្ត​ពោធិព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ​ ដោយ​មាន​ព្រះតេជព្រះគុណ​ ព្រះ​ពុទ្ធឃោសាចារ្យ​ ម៉ា​ កេ​ត​ សុវណ្ណ​ប្ប​ញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍​ កាល​លោក​នៅ​ជា​ចៅអធិការ​វត្ត​ពោធិព្រឹក្ស​មាន​ព្រះតេជព្រះគុណ​ កែ​ ម៉​ម​ មិ​ស្សនា​គោ​ ជា​គ្រូសូត្រស្ដាំ​ និង​ព្រះតេជព្រះគុណ​ អ៊ឹម​ ខឹ​ម​ តិ​ក្ខ​ប្ប​ញ្ញោ​ ជា​គ្រូសូត្រឆ្វេង​ សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត​ ខែជេស្ឋ​ ឆ្នាំរោង​ ឆស័ក​ ព​.​ស​.២៤៤៨​ គ​.​ស​.១៩០៤​។​ សម្ដេច​ទ្រង់​ទទួល​ព្រះ​នាមប្បញ្ញត្តិ​ថា​ ជោ​ត​ញ្ញា​ណោ​ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ​ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់នៅ​វត្ត​ឧណ្ណាលោម​ ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញទៀត​។​
​​បរិយត្តិ​បរិច្ឆេទ​ (​កំណត់​អំពី​ការ​សិក្សា​)
​សម្ដេចព្រះសង្ឃរាជ​ មាន​សេចក្ដី​ព្យាយាម​ប្រកបដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា​ ទាំង​ផ្នែក​ភាសាបាលី​ ទាំង​ផ្នែក​ភាសា​ឯទៀតៗ​ មាន​ភាសា​បារាំង​ ជាដើម​។​ ការ​សិក្សា​របស់​សម្ដេចព្រះសង្ឃរាជ​ មានជោគ​ជ័យ​ប្រសើរ​ណាស់​ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់​ មាន​ល្បឿន​ឈ្នះ​លោក​ឯទៀតៗ​។​ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ​ ប្រែ​មូលកច្ចាយនៈ​ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះ​ពុទ្ធឃោសាចារ្យ​ព្រះ​នាម​ ម៉ា​ កេ​ត​ ដែល​ជា​ព្រះ​ឧបជ្ឈាយ៍​ នៃ​សម្ដេចព្រះសង្ឃរាជ​។​
​​សម្ដេចព្រះសង្ឃរាជ​ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណាមួយ​ មាន​វិជ្ជា​បាលី​ជាដើម​ គឺ​រៀន​ដោយ​យក​ព្រះ​ទ័យ​ទុកដាក់​ ខិតខំ​ប្រឹងប្រែង​ ឥត​មាន​បន្ធូរបន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ​។​
​សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ​ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែនទែន​ ពុំ​មែន​សិក្សា​វិជ្ជា​ណាមួយ​ដោយ​លេងៗ​ ទេ​។​ វិជ្ជា​ខាង​ភាសាបាលី​ ភាសាសំស្ក្រឹត​ និង​ភាសា​បារាំង​ សុទ្ធតែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់​ ជ្រាលជ្រៅ​លំបាក​រៀន​ លំបាក​យល់​ជាទី​បំផុត​ ប៉ុន្តែ​សម្ដេច​អាច​រៀន​ អាច​យល់​ច្បាស់លាស់​ ដោយ​ឆាប់រហ័ស​គួរ​ឲ្យ​កោតសរសើរ​ពន់ពេក​ណាស់​។​
​សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា​ ដែល​សម្ដេច​បាន​រៀន​ មាន​វេយ្យាករណ៍​បាលី​សំស្ក្រឹត​ជាដើម​ ទាំង​អក្សរសាស្ត្រ​របស់​ជាតិ​ និង​ពាក្យពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុផល​ ជា​ច្រើន​ណាស់​។​ ភាសា​សៀម​ ភាសា​លាវ​ និង​ភាសា​បារាំង​ ដែល​សម្ដេច​បាន​រៀន​ អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម​ ជាតិ​លាវ​ និង​ជាតិ​បារាំង​បាន​។​ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យកតម្រាប់​តាម​សំឡេង​ភាសាជាតិ​ដទៃៗ​ឲ្យ​ស្រ​ដៀង​ ឬ​ដូច​ភាសាជាតិ​ដទៃ​បាន​។​ ភាសា​អង់គ្លេស​ និង​ភាសា​វៀតណាម​ ក៏​សម្ដេច​បាន​រៀន​ អាច​មើល​ សរសេរ​និយាយ​ ប្រាស្រ័យ​បាន​ច្រើន​ដែរ​។​
​​ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ​.​ស ​.​ ១៩១០​ ឃើញ​ថាស​ម្ដេច​មាន​ព្រះ​កិត្តិ​ស័ព្ទ​ល្បី​ថា​ ជា​ព្រះ​ថេរៈ​ ស្ទាត់ជំនាញ​ពូកែ​ខាង​ភាសាបាលី​ អាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុ​ សាមណេរ​ឯទៀត​ ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ​។​
​នៅ​ព​.​ស​.២៤៥៧​ គ​.​ស​.១៩១៣​ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញប្រយោគ​ក្នុង​ព្រះ​ឧបោសថរតនារាម​ វិហារ​ព្រះ​កែវ​មរកត​ ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ​បាន​៤​ប្រយោគដែល​ជា​ប្រយោគ​ជាន់ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ​។​
​ព​.​ស​.២៤៥៩​ គ​.​ស​.១៩១៥​ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២​ បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់​ ដែល​សព្វថ្ងៃ​មានឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យ​សុរា​ម្រឹត​។​
​​ក្រៅពី​ភាសា​ខ្មែរ​ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫសគល់​ពិតប្រាកដ​ សម្ដេច​បាន​សិក្សា​ភាសាបាលី​ អាច​អាន​ ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំងអស់​ គឺ​សំនៀង​លង្កា​ ភូមា​ មន​ សៀម​ និង​លាវ​ ឥត​មាន​ទើស​ទាក់់​ភ្លាំងភ្លាត់​ឡើយ​។​
​ព​.​ស​.២៤៦៦​ និង​២៤៦៧​ គ​.​ស​.១៩២២​ និង​១៩២៣​ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​ (​ជាមួយនឹង​សម្ដេចព្រះ​ពោធិវ័ង្ស​ ហួត​ តាត​ វ​ជិ​រ​ប្ប​ញ្ញោ​ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​)​ បាន​ធ្វើ​ជា​សមណៈ​សិស្ស​ និមន្ត​ទៅ​បំពេញវិជ្ជា​ខាង​ភាសាសំស្ក្រឹត​ និង​អក្សរ​សិលាចារឹក​ជាដើម​ នៅ​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស​ នា​ក្រុង​ហាណូយ​ (​វៀតណាម​ខាងជើង​)​ ក្នុង​សំណាក់​លោក​ ល្វី​ ហ្វឺ​ណូ​ត៍​ (L.​ Finot)​ ជាតិ​បារាំង​សេស​ ជា​ចាងហ្វាង​សាលា​នេះ​។​
​​បេសកកម្ម​បរិច្ឆេទ​ (​កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ​)
​ព​.​ស​.២៤៦៣​ គ​.​ស​.១៩១៩​ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ​ ដែល​ទ្រង់​ជា​លេខាធិការ​ កាន់​កិច្ចការ​ផ្ទាល់​ លុះត្រា​បាន​ចប់​ចុង​ចប់​ដើម​។​
​ព​.​ស​.២៤៦៩​ គ​.​ស​.១៩២៥​ សម្ដេច​បាន​ធ្វើ​ជា​សមាជិក​ នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា​ ដែល​សាលា​បាលី​ជាន់ខ្ពស់​ បោះពុម្ពផ្សាយ​។​
​ព​.​ស​.២៤៧០​ គ​.​ស​.១៩២៦​ តម​ក​ជា​ច្រើន​ឆ្នាំ​ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ​ ក្នុង​ការ​ប្រឡង​យក​វិ​ញ្ញាប​ន​ប័ត្រ​បឋម​សិក្សា​ខ្មែរ​ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់ខ្ពស់​ បារាំង​-​ខ្មែរ​ នៅ​ក្រុងភ្នំពេញ​។​
​ព​.​ស​.២៤៧១​ គ​.​ស​.១៩២៧​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ​ ហើយ​សម្ដេច​ទ្រង់​បាន​ទទួលភារៈ​ធ្វើ​វចនានុក្រម​ តែ​មួយ​ព្រះ​អង្គ​ឯង​ ដរាប​ដល់​បាន​ចប់​សព្វគ្រប់​ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​១​ភាគ​២​ បាន​៥​គ្រា​ហើយ​។​
​ក្នុង​ឆ្នាំ​ដដែល​នេះ​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​ សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ​ សម្រាប់​បណ្ណាល័យ​កម្ពុជា​ ដែល​សព្វថ្ងៃ​ហៅ​ថា​ វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​។​
​ព​.​ស​.២៤៧៤​ គ​.​ស​.១៩៣០​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង​ នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ​។​
​ក្នុង​ឆ្នាំ​ដដែល​នោះ​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​ សមាជិក​ជំនួយ​នៃ​ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ក្រុងភ្នំពេញ​។​
​ព​.​ស​.២៤៧៦​ គ​.​ស​.១៩៣២​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​ នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ​ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ​។​
​ព​.​ស​.២៤៧៧​ គ​.​ស​.១៩៣៣​ សម្ដេច​ទ្រង់​បាន​ទទួល​ ការ​តែងតាំង​ជា​សមាជិក​ នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ​។
​ព​.​ស​.២៤៧៨​ គ​.​ស​.១៩៣៤​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ ​។​
​ព​.​ស​.២៤៧៩​ គ​.​ស​.១៩៣៥​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​ សំស្ក្រឹត​ ខ្មែរ​ និង​លាវ​ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ក្រុងភ្នំពេញ​។​
​ឋានន្តរ​បរិច្ឆេទ​ (​កំណត់​អំពី​ឋានន្តរ​)
•​ ​ព​.​ស​.២៤៨៦​ គ​.​ស​.១៩៤២​ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ​ ជា​ចាងហ្វាង​នៃ​ សាលា​បាលី​ជាន់ខ្ពស់​ ក្រុងភ្នំពេញ​ ដែល​សព្វថ្ងៃ​កែប្រែ​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។​
•​ ​ព​.​ស​.២៤៨៨​ គ​.​ស​.១៩៤៤​ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម​។​
•​ ​ព​.​ស​.២៤៨៩​ គ​.​ស​.១៩៤៥​ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរ​សភា​ គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ​។​
•​ ​ព​.​ស​.២៤៩១​ គ​.​ស​.១៩៤៧​ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ​ ក​ នៃ​ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា​។​
•​ ​ព​.​ស​.២៤៩២​ គ​.​ស​.១៩៤៨​ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្ម​វិន័យ​ពិនិត្យ​ការ​ ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ​ក្នុង​ព្រះរាជាណាចក្រ​។​
•​ ​គ​.​ស​.១៩៦១​ រហូត​មក​ សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ធ្វើ​ ជា​ព្រះប្រធាន​នៃ​ ការ​សម្ភាស​អក្សរសាស្ត្រ​ ផ្សាយ​តាម​វិទ្យុជាតិ​រៀងរាល់ថ្ងៃ​សុក្រ​។​
•​ ​គ​.​ស​.១៩៦៨​ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​។​
•​ ​គ​.​ស​.១៩៦៩​ ព្រះ​អង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ​។​
​ព្រះ​កិច្ចការ​ដែល​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស​
•​ ​នៅ​ព​.​ស​.២៤៧៥​ គ​.​ស​.១៩៣១​ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រ​តិ​ភួ​នៃ​មន្ត្រី​សង្ឃ​ ទៅ​កាន់​ក្រុង​វៀង​ច័ន្ទ​ន៍​ និង​ក្រុង​ហ្លួងព្រះបាង​ ប្រទេស​លាវ​ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ​ ផង​ ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ ​ផង​។​
•​ ​ព​.​ស​.២៤៧៧​ គ​.​ស​.១៩៣៣​ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ ក្នុង​ដែន​កូសាំងស៊ីន​ កម្ពុជា​ក្រោម​។​
•​ ​នៅ​ព​.​ស​.២៤៨៣​ គ​.​ស​.១៩៣៩​ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដងទៀត​ ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ​ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ​ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅ​ប្រទេស​លាវ​ផង​ ដើម្បី​ជួយ​រំលឹក​ដាស់តឿន​ប្រជាជាតិ​លាវ​ឲ្យ​មានការ​សិក្សា​ព្រះ​ បរិ​យ​ត្ត​ធម៌​ និង​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ឲ្យ​ស្របគ្នា​តាម​របៀបការ​សិក្សា​ និង​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា​ ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទីប្រជុំជន​ និង​ក្នុង​ខេត្ត​នានា​ នៃ​ព្រះរាជាណាចក្រ​លាវ​ ខំប្រឹង​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​ និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រង់​គន្លង​ព្រះពុទ្ធ​សាសនា​ផង​។​
•​ ​ព​.​ស​.២៤៨៧​ គ​.​ស​.១៩៤៣​ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំងសែស​នៅ​ចុង​ បូព៌ា​ប្រទេស​ ហើយ​នៅ​ព​.​ស​.២៤៩២​ គ​.​ស​.១៩៤៨​ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក​។​
•​ ​ព​.​ស​.២៤៩៤​ គ​.​ស​.១៩៥០​ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​ បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក​នៅ​ក្រុង​កោ​ល​ម្បូ​ ប្រទេស​ស្រី​លង្កាទ្វីប​។​
•​ ​នៅ​ព​.​ស​.២៤៩៧​ គ​.​ស​.១៩៥៣​ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​បំពេញបេសកកម្ម​សុ​ឆន្ទៈ​ ប្រឹក្សា​សម្រេច​រឿង​ឆ​ដ្ឋ​សង្គាយនា​ នៅ​ក្រុងរ​ង្គូ​ន​ សហភាព​ភូមា​។​
•​ ​ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព​.​ស​.២៤៩៨​ គ​.​ស​.១៩៥៤​ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​ក្រុងរ​ង្គូ​ន​ ប្រទេស​ភូមា​ម្ដងទៀត​ ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆ​ដ្ឋ​សង្គាយនា​សម័យប្រជុំ​ដំបូង​។​
•​ ​កន្លង​មួយ​ឆ្នាំ​ក្រោយមក​ ព​.​ស​.២៤៩៩​ គ​.​ស​.១៩៥៥​ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆ​ដ្ឋ​ស​ង្គា​យ​ នៅ​ក្រុងរ​ង្គូ​ន​ ប្រទេស​ភូមា​ ជា​លើក​ទី​បី​ដើម្បី​ប្រជុំ​ ហើយ​បិទ​សម័យប្រជុំ​ប្រចាំឆ្នាំ​។​
•​ ​នៅ​ព​.​ស​.២៥០៣​ គ​.​ស​.១៩៥៩​ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជក​ត៌ា​ និង​ក្រុង​សឹ​ម៉ា​រ៉ាំ​ង​ កោះ​ជ្វា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​វិសាខបូជា​។​
•​ ​ព​.​ស​.២៥០៣​ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌសីមា​ និង​ពិធី​សន្មត​រោង​ឧបោសថ​ ព្រមទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុលបុត្រ​ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង​។​
សមណសក្ដិ​បរិច្ឆេទ​ (​កំណត់​អំពី​សមណស័ក្តិ​)
​ដោយ​ព្រះ​មហា​វិ​រិ​យ​ភាព​របស់​សម្ដេច​ ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា​ ទាំង​ផ្លូវលោក​ដែល​យើង​បានឃើញ​ជា​ភស្តុ​តាង​ សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ​ ដូច​តទៅ​នេះ​គឺ​៖
•​ ​ព​.​ស​.២៤៥៤​ គ​.​ស​.១៩១០​ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ​ ជា​ព្រះ​បាឡាត់​សាក្យ​បុ​ត្តិ​យ៍​ (​បាឡាត់​របស់​ព្រះ​សក្យវង្ស​ នុ​ត​ វត្ត​ឧណ្ណាលោម​)​។​
•​ ​ព​.​ស​.២៤៥៦​ គ​.​ស​.១៩១២​ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​ (​ទី​ឋានានុក្រម​ សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេចព្រះសង្ឃរាជ​ព្រះ​នាម​ ទៀង​)​។​
•​ ​ព​.​ស​.២៤៧៥​ គ​.​ស​.១៩៣១​ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសន​សោភ័ណ​ (​រាជាគណៈ​កិត្តិយស​)​។​
•​ ​ព​.​ស​.២៤៨៤​ គ​.​ស​.១៩៤០​ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​ពុទ្ធឃោសាចារ្យ​ (​រាជាគណៈ​ថ្នាក់​ទី​២)​។​
•​ ​ព​.​ស​.២៤៨៨​ គ​.​ស​.១៩៤៤​ សម្ដេច​បាន​ឡើងជា​សមណស័ក្តិ​ជា​ព្រះ​ពោធិវ័ង្ស​ (​រាជាគណៈ​ថ្នាក់​ទី​១)​។​
•​ ​ព​.​ស​.២៤៩២​ គ​.​ស​.១៩៤៨​ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះ​មហាសុមេធាធិបតី​ សង្ឃនាយក​ គណៈមហានិកាយ​។​
•​ ​ព​.​ស​.២៤៩៤​ គ​.​ស​.១៩៥០​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​ សម្ដេចព្រះ​មហាសុមេធាធិបតី​ សង្ឃនាយក​គណៈមហានិកាយ​។​
•​ ​លុះដល់​មក​ព​.​ស​.២៤៩៨​ គ​.​ស​.១៩៥៤​ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា​ ព្រះ​អគ្គមហាបណ្ឌិត​សហភាព​ភូមា​។​
•​ ​ស្រាប់តែ​ដល់​មក​ព​.​ស​.២៥០១​ គ​.​ស​.១៩៥៧​ រដ្ឋាភិបាល​សហភាព​ភូមា​ បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា​ ព្រះ​អភិ​ធ​ជៈ​មហារដ្ឋ​គរុ​ នៃ​សហភាព​ភូមា​ទៀត​ ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា​។​
•​ ​ខែកុម្ភៈ​ គ​.​ស​.១៩៦៤​ អ្នកនិពន្ធ​ខ្មែរ​ទាំងអស់​បាន​ថ្វាយ​ព្រះ​ឋានៈ​ព្រះ​អង្គជា​ ព្រះ​អគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ​ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ផង​។​
•​ ​ព​.​ស​.២៥០៧​ គ​.​ស​.១៩៦៣​ សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ ព្រះ​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា​ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១​។​
•​ ​ថ្ងៃ​ទី​២៨​ ឧសភា​ ១៩៦៧​ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ​ ពេញ​លក្ខណៈ​អំពី​សម្ដេចព្រះ​ប្រមុខរដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​ អក្សរសាស្ត្រ​ និង​មនុ​សាស្ត្រ​ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ​។​
​ឥស្សរិយ​បរិច្ឆេទ​ (​កំណត់​អំពី​ឥស្សរិយយស​)
​គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ​ គឺ​៖
•​ ​មេដាយ​អស្សឫទ្ធិ​មុនី​សារ​ភរ​ណ៍​ នៅ​ព​.​ស​.២៤៦១​ គ​.​ស​.១៩១៧​។​
•​ ​មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព​.​ស​.២៤៦៧​ គ​.​ស​.១៩៣២​។​
•​ ​មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន​ និង​ស្វេតច្ឆត្រ​ ប្រទេស​លាវ​ នៅ​ព​.​ស​.២៤៧៦​ គ​.​ស​.១៩៣២​។​
•​ ​មេដាយ​សេនា​នៃ​បណ្ឌិតសភា​ សាធារណរដ្ឋ​បារាំង​ នៅ​ព​.​ស​.២៤៨១​ គ​.​ស​.១៩៣៧​។​
•​ ​មេដាយ​អស្សឫទ្ធិ​ដឹ​ឡា​ឡេ​ស្យុ​ង​ដូ​ណ្ណើ​រ​ នៃ​សាធារណរដ្ឋ​បារាំង​ នៅ​ព​.​ស​.២៤៨៦​ គ​.​ស​.១៩៤២​។​
•​ ​មេដាយ​សេនា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព​.​ស​.២៤៨៨​ គ​.​ស​.១៩៤៤​។​
•​ ​មេដាយ​សេនា​ដឹ​ឡា​ឡេ​ស្យុ​ង​ដូ​ណ្ណើ​រ​ នៃ​សាធារណរដ្ឋ​បារាំង​ នៅ​ព​.​ស​.២៤៩២​ គ​.​ស​.១៩៤៨​។​
•​ ​មេដាយ​មហា​សិរី​វឌ្ឍន៍​ ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព​.​ស​.២៥០៥​ គ​.​ស​.១៩៦២​។​
•​ ​មេដាយ​មហា​សិរី​វ​ឌ្ឍ​សុ​វត្ថា​រា​ នៅ​ព​.​ស​.២៥០៦​ គ​.​ស​.១៩៦៣​។​
•​ ​មេដាយ​ជា​តូប​ការ​ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព​.​ស​.២៥១៣​ គ​.​ស​.១៩៦៩​។​
(​នៅ​មាន​ត​លេខ​ក្រោយ​)
 

0 ផ្តល់មតិបន្ថែម:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds