Love

Myspace HTML Codes & Layout Generators
Myspace Backgrounds

Jan 21, 2014

ប្រវត្តិរូបសង្ខេបសម្តេចព្រះសង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ​ (ភាគទី ៤)

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ​ វាចា​ ចិត្ត​គ្រប់ពេលវេលា​យូរៗ​ទៅ​ អាច​ជាប់​ទៅ​ជា​ទម្លាប់​ ហៅ​ថា​ “​ចរិត​ប្រក្រតី​”​។​ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត​ ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម​ ហៅ​ថា​ ចរិត​គ្រោតគ្រាត​។​ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្តសំឡាញ់​ យូរៗ​ទៅ​ក៏​អាច​ធ្លាប់មាត់​ជា​ទំនៀម​ នេះ​ហៅ​ថា​ ចរិត​កុហក​។​
​ការ​ជក់បារី​ ដើមដំបូង​ឃើញ​គេ​ជក់​ ក៏​ជក់​លេង​តាម​គេ​ យូរៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់បារី​។​

​ការ​ដេក​ថ្ងៃ​ ដើមដំបូង​ឃើញ​គេ​ដេក​ថ្ងៃ​ ក៏​ដេក​តាម​គេ​ លុះ​ដេក​ថ្ងៃ​យូរៗ​ទៅ​ក៏​អាច​ក្លាយជា​ទំនៀម​ នេះ​ហៅ​ថា​ ចរិត​ដេក​ថ្ងៃ​។​
​ការ​ប្រព្រឹត្តិ​ទាល់តែ​ជាប់​ប្រយោគ​ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ​ ដូច្នេះ​ហៅ​ថា​ “​ចរិត​ប្រក្រតី​”​ សម្ដេចព្រះសង្ឃរាជ​ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ​ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរស្រាល​ ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេលវេលា​ ខូចខាត​ប្រយោជន៍​នោះ​ឡើយ​។​
​មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់​ជោក​ធ្ងន់​ណាស់​ ដូច​យ៉ាង​ចរិត​ប្រក្រតី​ផឹកស្រា​ទាល់តែ​កឹ​ក​ជាប់​ ដែល​អាច​លះបង់​ចេញ​មិន​បាន​។​ ចរិត​ប្រក្រតី​បែប​នេះ​ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួនឯង​ ទាំង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​។​
​ការ​ជក់​អាភៀន​ ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន​ លះ​ចេញ​បាន​ដោយ​កម្រ​ណាស់​។​ ការ​ញៀនអាភៀន​នេះ​ ហៅ​ថា​ ចរិត​ប្រក្រតី​ជក់​អាភៀន​។​ មនុស្ស​អ្នកមាន​ចរិត​បែប​នេះ​ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ ទាំង​ទ្រព្យសម្បត្តិ​ ជាង​ចរិត​អ្នក​ផឹកសុរា​ច្រើន​ណាស់​ទៅ​ទៀត​។​
ចរិត​ប្រក្រតី​នៃ​សម្ដេចព្រះសង្ឃរាជ​
១.​ ព្រះ​អង្គ​សោយ​ស្លា​ម្លូ​ ជា​ញឹកញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយៗ​ មិន​សោយ​បារី​។​ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា​ សម្ដេចព្រះសង្ឃរាជ​ កាលពី​ព្រះ​ជន្ម​រវាង​២០​ឆ្នាំ​ រហូត​ដល់​ព្រះ​ជន្ម​ជាង​៣០​ឆ្នាំ​ ឃើញ​សម្ដេច​សោយ​បារី​ដែរ​ ប៉ុន្តែ​សោយ​រង្វើលៗ​មិន​ញឹកញាប់​ទេ​ លុះដល់​មក​ព្រះ​ជន្ម​រវាង​៤០​ឆ្នាំ​ ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់តែ​ញឹក​ញា​យ​ឡើង​ដរាប​មក​។​
២.​ សម្ដេច​ កាលបើ​មាន​រោគ​ផ្ដាសាយ​ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ​ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ​ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ​ ហើយ​សម្ដេច​មាន​បន្ទូល​ថា​ រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន​ ទើប​ឆាប់​ជា​សះស្បើយ​ ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫសដូងច្រមុះ​ថែម​ទៀត​។​
៣.​ សម្ដេច​មាន​ចរិត​ប្រក្រតី​ ក្នុង​ការ​សោយ​ក្រយា​ហារ​ ច្រើន​តែ​សព្វព្រះទ័យ​នឹង​សម្ល​ស្រឡក់​ ប្រហើរ​ និង​កកូរ​ ពុំ​សូវ​សោយ​សាច់ឈាម​ទេ​។​ ម្ហូប​៣​មុខ​ខាងលើ​នេះ​ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រីឆ្អើរ​ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ​ ច្រើន​សព្វព្រះទ័យ​ម្ហូបក្រៀម​ក្រោះ​ មាន​បុក​ត្រីឆ្អើរ​ ម្ជូរ​ក្រសាំង​ ឬ​ផ្លែ​ម្កាក់​ជាដើម​។​ សម្ដេច​ ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ​ សោយ​តែ​បន្ដិចបន្តួច​ មិនសូវ​សោយ​កាហ្វេ​ ទឹកក្រូច​ ទឹក​ម៉ា​ណាត់​ញឹក​ញា​យ​ទេ​ សោយ​តែ​ទឹកតែ​ និង​ស្ករស​។​
៤.​ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេងៗ​ ដែល​មាន​មែក​ច្រើន​ ដូច​យ៉ាង​ដើម​ច្រកែង​ ទួ​យ​ រទាំង​ជាដើម​ យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន​ ចំនួន​ជាង​១០០​ផើង​។​
៥.​ ដើមឈើ​ឯទៀតៗ​ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី​ ឈើ​ក្នុង​ព្រៃ​ក្ដី​ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់​ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម​ និង​ឈើ​វត្ត​ពោធិព្រឹក្ស​។​
​កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច​
​កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយា​ហារ​ពេល​ថ្ងៃ​ ត្រង់​ ហើយនឹង​ពេល​ដែល​ធ្វើការ​ ដូច​យ៉ាង​សម្ដេច​សរសេរ​ដកស្រង់​ធម៌អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេងៗ​ មាន​វចនានុក្រម​ខ្មែរ​ជាដើម​នេះ​ ទៀងទាត់​រៀង​រាល់​យប់​ទាល់ៗ​ភ្លឺ​ រវាង​ម៉ោង​៦​កន្លះ​ ឬ​ម៉ោង​៧​ ទើប​សោយ​យាគូ​ ជួនកាល​ពេល​ព្រឹក​ មិន​ទាំង​សោយ​យាគូ​ថែម​ទៀត​ ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ​។​
​ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះ​ហ​ស្ថ​សរសេរ​ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយបង្គំ​គាល់​ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាមៗ​ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ​ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់​ បើ​ថ្ងៃ​ណាមួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ​ ហើយ​មាន​ភ្ញៀវ​ បព្វជិត​ ឬ​គ្រហស្ថ​ចូល​មក​ថ្វាយបង្គំ​គាល់​នោះ​ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង​ ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ​ ពី​នោះ​ ហើយ​ទ្រង់​ដឹកនាំ​បំភ្លឺ​អំពី​ផ្លូវលោក​ ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ​ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន​ ទាល់តែ​ភ្លឺ​ក៏​មាន​ មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង​ ថា​ចុក​រួយ​ស្រពន់​ទេ​ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ​។​ ការណ៍​នេះ​ ចំពោះតែ​ពេល​ណាមួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ​។​
​ក្នុង​ថ្ងៃ​យប់​នីមួយៗ​ សម្ដេចព្រះសង្ឃរាជ​ ចេះ​តែ​មានកម្ម​វិធី​ជា​និច្ចកាល​ ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះ​ជន្ម​៣០​ឆ្នាំ​ រហូត​ដល់​មក​ព្រះ​ជន្ម​ជាង​៦០​ឆ្នាំ​ ក៏​នៅ​តែ​ខំប្រឹង​បង្រៀន​ភិក្ខុ​ សាមណេរ​ចំនួន​២០​ ឬ​៣០​អង្គ​ក្នុង​ពេល​យប់ៗ​ ចំពោះ​ភិក្ខុ​ សាមណេរ​ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ​ មក​ពី​កុដិ​ដទៃ​ខ្លះ​។​ សម្ដេច​មានកម្ម​វិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់​ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់ខ្ពស់​ ដែល​ឥឡូវនេះ​ហៅ​ថា​ពុទ្ធិកវិទ្យាល័យ​សុរា​ម្រឹត​ផង​ កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង​។​
(នៅមានតលេខក្រោយ)

0 ផ្តល់មតិបន្ថែម:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds