Love

Myspace HTML Codes & Layout Generators
Myspace Backgrounds

Jan 21, 2014

ប្រវត្តិរូបសង្ខេបសម្តេចព្រះសង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ​ (ភាគទី ២)

សម្ដេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ (​ជោ​ត​ញ្ញា​ណោ​)​ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១​ នៃ​គណៈមហានិកាយ​ (​ប្រសូត​ ១១​ មីនា​ ព​.​ស​.២៤២៧/​គ​.​ស​.១៨៨៣​ សុគត​ ២៥​ កញ្ញា​ ព​.​ស​.២៥១៣/​គ​.​ស​.១៩៦៩)​ ជា​សម្ដេចព្រះសង្ឃរាជ​អង្គ​ទី​៤​ នៃ​គណៈមហានិកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ទ្រង់​កាន់​តំណែង​ពី​ព​.​ស​.២៤៩២​ ដល់​ ព​.​ស​.២៥១៣​ ក្នុង​រជ្ជសម័យ​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​។​

​ពុទ្ធ​វុឌ្ឍិ​បរិច្ឆេទ​ (​កំណត់​អំពី​ការ​ធ្វើ​សេចក្ដីចម្រើន​ក្នុង​ផ្លូវលោក​ និង​ផ្លូវ​ព្រះពុទ្ធ​សាសនា​)
​កិច្ចការ​ឯទៀត​របស់​សម្ដេច​ ក្រៅពី​មុខការ​ខាង​សិក្សា​ដែល​សុទ្ធតែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ ក្នុង​ព្រះពុទ្ធ​សាសនា​ និង​ប្រទេស​ជាតិ​នោះ​ នៅ​មាន​ច្រើន​ទៅ​ទៀត​ និយាយ​ដោយ​សង្ខេប​គឺ​ចាប់តាំងពី​ឆ្នាំឆ្លូវ​សប្តស័ក​ ព​.​ស​.២៤៧០​ គ​.​ស​.១៩២៤​ រៀង​មក​ សម្ដេច​បាន​ធ្វើការ​ឧបត្ថម្ភ​វត្ត​ពោធិព្រឹក្ស​ (​ហៅ​វត្ត​ពោល្យំ​)​ ក្នុង​សង្កាត់​រលាំង​កែន​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ជាទី​ជាតិភូមិ​របស់​សម្ដេច​ ដូច​មាន​សេនាសន​ភ័​ណ្ឌ​តទៅ​នេះ​៖
•​ ​សម្ដេច​បាន​ជាវដី​ជុំវិញ​វត្ត​ចំនួន​ជាង​៣​ហិ​កតា​ ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម​។​
•​ ​បាន​ជួយ​ឧបត្ថម្ភ​លើកថ្នល់​ ភ្ជាប់​ពី​ថ្នល់ជាតិ​ចូល​មក​វត្ត​សុរភី​ និង​ពោធិព្រឹក្ស​ រួម​ចម្ងាយ​៣​គឺ​ឡូ​ម៉ែត្រ​។​
•​ ​បាន​ស្ថាបនា​វិហារ​បេតុងអារម៉េ​ សាលា​បាលី​រង​ (​ពុទ្ធិកបឋមសិក្សា​)​ រៀបចំ​ទី​វត្ត​ពោធិព្រឹក្ស​ទាំងមូល​ ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យនិយម​។​
•​ ​បាន​ស្ថាបនា​ស្ពាន​ធំ​មួយ​ និង​ស្ពាន​តូច​មួយ​សុទ្ធតែ​បេតុងអារម៉េ​ ឆ្លងស្ទឹង​តូច​រាំង​ព្រំប្រទល់​ សង្កាត់​រលាំង​កែន​ និង​សង្កាត់​រកា​កោះ​។​
•​ ​បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញវិជ្ជា​ សុរភី​ពោធិព្រឹក្ស​៣​ខ្នង​ តាំងពី​គ​.​ស​.១៩៤៨​ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់ឧត្ដម​ដ្ឋា​ន​ សម្រាប់​កូនចៅ​អ្នកស្រុក​ជើងវត្ត​សុរភី​ និង​វត្ត​ពោធិព្រឹក្ស​។​
•​ ​បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ​ ចាក់​ក្រួស​បាយក្រៀម​ ប្រើ​ការ​បាន​ដោយ​ស្រួល​។​
•​ ​បាន​ជាវ​ទី​ដី​៣​ហិ​កតា​កន្លះ​ទុកដាក់​ជា​សាសនសម្បត្តិ​រៀង​ទៅ​។​
•​ ​បាន​ស្ថាបនា​ខ្លោង​ទ្វាររបង​អារ​ម៉េ​មួយ​។​
•​ ​បាន​ស្ថាបនា​ អាវ​ស​ថ​សាលា​ (​សាលាសំណាក់​)​ ១​ខ្នង​។​
•​ ​បាន​ចាត់ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង​ នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញពី​ថ្នល់ជាតិ​ក្នុង​សង្កាត់​រកា​កោះ​។​
•​ ​បាន​ជួយ​ឧ​បត្ដ​ម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង​។​
•​ ​បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិគ្រឹះ​ (​មន្ទីរសម្ភព​)​ មួយ​ខ្នង​ ដោយ​បេតុងអារម៉េ​។​
•​ ​បាន​ធ្វើ​កំពែង​បេតុងអារម៉េ​ បណ្ដោយ​១០០​ម៉ែត្រ​ ទទឹង​៥២​ម៉ែត្រ​ ព័ទ្ធ​ជុំវិញ​មន្ទីរពេទ្យ​ទាំង​ពីរ​ខ្នង​នេះ​។​
•​ ​បាន​ស្ថាបនា​អគារ​គ​ព្ភិ​នី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ​។​
•​ ​បាន​ស្ថាបនា​អគារ​បេតុងអារម៉េ​២​ខ្នង​ ក្រៅ​កំពែង​នោះ​សម្រាប់​គិលាន​សមណៈ​។​
•​ ​បាន​ចាត់ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ​ ទទឹង​៨០០​ម៉ែត្រ​ (​ដោយ​សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ ឧបយុវរាជ​ព្រះ​ប្រមុខរដ្ឋ​ ទ្រង់​សព្វព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​ នោះ​)​។​
•​ ​បាន​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាងលើ​នេះ​ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន​ និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគតកាល​ (​ស្ថាបនកម្ម​ទាំងនេះ​នៅ​ក្នុងភូមិ​ស្រែ​បន្ទាយ​ សង្កាត់​រកា​កោះ​)​។​
•​ ​បាន​លះបង់​ទី​ដី​មួយ​កន្លែង​ ដែល​សម្ដេច​បានជា​វហើយ​នោះ​ជូន​ព្រះរាជ​រដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​ នីតិកម្ម​ (​ប៉ុស្តិប៉ូលីស​)​ និង​មន្ទីរ​រាជ​សហករណ៍​។​ល​។​
•​ ​បាន​ផ្ដើមគំនិត​ធ្វើ​សមាគម​កសាង​មន្ទីរពេទ្យ​ព្រះសង្ឃ​ ក្រុងភ្នំពេញ​។​
•​ ​បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម​ ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​បី​ជាន់​ ក្នុង​ព​.​ស​.២៤៩៩​ គ​.​ស​.១៩៥៦​។​
•​ ​បាន​ផ្ដើមកសាង​ព្រះ​សក្យមុនីចេតិយ​នៅ​ខាងកើត​ស្ថានីយ៍​រា​ជាយ​ស្ម័យ​យាន​។​
•​ ​បាន​ទំនុកបម្រុង​ ព្រមទាំង​ចាត់ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស​ មាន​ប្រទេស​ឥណ្ឌា​ ភូមា​ជាដើម​។​
•​ ​បាន​បង្កើត​ការ​សិក្សា​ធម្ម​វិន័យ​ ដើម្បី​សិក្ខាកាម​កុលបុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា​។​
•​ ​បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម​ ឬ​វត្ត​ឯទៀតៗ​ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់​។​
•​ ​បាន​ផ្ដើមកសាង​ឈាបនដ្ឋាន​ (​ទី​បូជាសព​)​ ក្នុង​វត្ត​ឧណ្ណាលោម​ ដែល​មាន​លោកអ្នកឧកញ៉ា​តេជះ​ តាន់​ ម៉ៅ​ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​ បង្អស់​ គ​.​ស​.១៩៥៣​។​
•​ ​បាន​ផ្ដើម​សង់​ឧបដ្ឋានសាលា​សម្រាប់​មន្ត្រី​សង្ឃ​ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​ ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ​ និង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតី​ លី​ ស៊ុន​ង​ន​,​ ឧបាសិកា​ តាន់​ ស៊ី​ប៊ី​ ចេញ​ប្រាក់​កសាង​។​
•​ ​បាន​បង្កើត​ឲ្យ​មានការ​ហាត់រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី​។​
•​ ​បាន​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ​ និង​គណៈកម្មការ​គ្រហស្ថ​តាម​ផ្លូវការ​គ្រប់​វត្ត​ទាំងអស់​ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត​ ទាំង​មាន​របៀបរៀបរយ​ តាំងពី​ឆ្នាំ​១៩៥៥​ដរាប​មក​។​
​ស្នា​ព្រះ​ហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះសង្ឃរាជ​
​ព្រះ​សង្ឃរាជ​ បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់​ ទាំង​គម្ពីរ​ស្លឹករឹត​ ទាំង​សៀវភៅ​ ជា​ពិសេស​ គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង​ និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ​ សម្រាប់​ពុទ្ធបរិស័ទ​រៀនសូត្រ​។​ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត​ ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ​៖
១.​ វចនានុក្រម​ខ្មែរ​ មាន​២​ភាគ​ ក្នុង​ព​.​ស​.២៤៦១​ គ​.​ស​.១៩១៧​ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ​។​
២.​ កច្ចាយនូបត្ថម្ភកៈ​ (​វេយ្យាករណ៍​បាលី​)​ មាន​២​ភាគ​ តាំងពី​ព​.​ស​.២៤៦២​ គ​.​ស​.១៩១៨​ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ​។​
៣.​ គ​ហិប​ដិ​ប​ត្តិ​ ក្នុង​ព​.​ស​.២៤៦៨​ គ​.​ស​.១៩២៦​ ជាមួយនឹង​ព្រះ​ឧត្ដម​មុនី​ អ៊ុ​ម​ ស៊ូ​ និង​ព្រះ​ពោធិវ័ង្ស​ ហួត​ តាត​ តាម​បញ្ជា​នៃ​ព្រះតេជព្រះគុណ​ព្រះ​មហាវិមលធម្ម​ ថោ​ង​ (​ពុទ្ធ​សាសន​បណ្ឌិត្យ​)​។​
៤.​ សាមណេរ​វិន័យ​ ក្នុង​ព​.​ស​.២៤៦០​ គ​.​ស​.១៩១៧​ ជាមួយនឹង​ព្រះ​ថេរៈ​ទាំង​ពីរ​ព្រះ​អង្គ​ខាងលើ​នេះ​ដែរ​។​
៥.​ បាតិមោក្ខ​សំវរ​សង្ខេប​ (​សម្រាយ​)​ ព​.​ស​.២៤៧០​ គ​.​ស​.១៩២៨​ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ​។​ មាន​សៀវភៅ​ឯទៀតៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់បន្សំ​។​
៦.​ កាព្យ​លោកធម៌​ បោះពុម្ព​ដំបូង​ក្នុង​ព​.​ស​.២៥០០​ គ​.​ស​.១៩៥៧​។​ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា​។​
៧.​ នា​គោ​ប​មា​ទិ​កថា​ ព​.​ស​.២៤៧៥​ គ​.​ស​.១៩៣៣​។​
៨.​ ព​.​ស​.២៤៨៤​ គ​.​ស​.១៩៤១​ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​ប​ឋ្យា​វត្ត​៧​គាថា​ ព្រមទាំង​ប្រែជា​សម្រាយ​ផង​ សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​វរ្ម័ន​។​
៩.​ បព្វជ្ជា​ខន្ធ​កៈ​ពិស្ដារ​។​
១០.​ ចីវរ​ក្ខ​ន្ធៈ​ពិស្ដារ​។​
១១.​ អត្ថបទ​ ផ្សេងៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា​របស់​ពុទ្ធ​សាសន​ បណ្ឌិត្យ​ តាំងពី​ឆ្នាំ​១៩២៦​ និង​ឆ្នាំ​តៗ​មក​ ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទី​នេះ​បាន​ដោយពេល​មមាញឹក​ ព្រមទាំង​អត្ថបទ​ធម៌​ឯទៀតៗ​ជា​ច្រើន​ ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធចក្រ​។​
១២.​ បាន​ ពិនិត្យ​កែសម្រួល​ពាក្យពេចន៍​របស់​គណៈកម្មការ​ខេ​មរ​យាន​កម្ម​ ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួងអប់រំជាតិ​ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យមសិក្សា​ចេញ​រៀង​រាល់​ខែ​។​ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់ថ្ងៃ​ គឺ​ព្រះរាជ​និពន្ធ​ទំនុកច្រៀង​ បទ​នគររាជ​ សម្រាប់​ភ្លេងជាតិ​ខ្មែរ​ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​១៩៤១​ និង​ទំនុក​ ព្រមទាំង​បទ​ សរភញ្ញ​ ដែល​ទ្រង់​បាន​និពន្ធ​កាលពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០​។​
(នៅមានតលេខក្រោយ)

0 ផ្តល់មតិបន្ថែម:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds