Love

Myspace HTML Codes & Layout Generators
Myspace Backgrounds

Jan 21, 2014

ប្រវត្តិរូបសង្ខេបសម្តេចព្រះសង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ​ (ភាគទី ៣)


ព្រះ​គុណសម្បត្តិ​នៃ​សម្ដេចព្រះសង្ឃរាជ​
​ព្រះ​គុណសម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់​ ប៉ុន្តែ​យើងខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់​ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះតែ​គោល​ធំៗ​ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង​ ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ​៖

១.​ វីរិយភាព​ក្នុង​ការ​សិក្សា​
២.​ បដិភាណ​ប្បញ្ញា​ “​ប្រាជ្ញា​វាងវៃ​”
៣.​ វេ​សារ​ជ្ជ​ប្បញ្ញា​ “​បញ្ញា​ក្លៀវក្លា​អង់អាច​”
៤.​ ធម្មទេសនា​កោសល្យ​ “​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​”
៥.​ បណីត​សកម្មភាព​ “​សកម្មភាព​ដ៏​ប្រសើរ​”

​អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណសម្បត្តិ​នីមួយៗ​
១.​ វីរិយភាព​ នៃ​សម្ដេច​ជា​អម្ចាស់​ ដែល​មនុស្ស​ចាស់ទុំ​ធ្លាប់​បាន​សង្កេត​តាំងពី​សម្ដេច​មាន​ព្រះ​ជន្ម​នៅ​ ក្មេង​ គឺ​តាំងពី​នៅ​ជា​សាមណេរ​ដរាប​មករ​ហូត​ដល់​សម្ដេច​មាន​ព្រះ​ជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ​ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ​ សូ​ម្បី​ព្រះ​អង្គ​មាន​សមណៈស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេចព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ​។​ វីរិយភាព​ នេះ​ប្រែ​ថា​ សេចក្ដី​ព្យាយាម​ ឬថា​ប្រឹងប្រែង​ រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះ​ពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ​ ហៅ​ថា​ វី​រយៈ​បារមី​។​
​បណ្ដា​កិច្ចការ​គ្រប់យ៉ាង​ រមែង​ប្រកបដោយ​ឧបសគ្គ​ គឺ​ធម៌​ជា​គរឿង​រារាំង​បើ​មិន​ច្រើន​ក៏​តិច​ តែ​ថាបើ​សេចក្ដី​ព្យាយាម​ មាន​កម្លាំង​ក្លៀវក្លា​ ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេចព្រះសង្ឃរាជ​ទ្រង់មាន​ វី​រយៈ​ធម៌​ដ៏​រឹងប៉ឹង​ជាទី​បំផុត​ បានជា​ព្រះ​អង្គ​ចេះ​តែ​មាន​ជ័យជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់យ៉ាង​បាន​ ជា​ដរាប​ ទោះបី​ព្រះ​អង្គ​ហត់នឿយ​ណាស់​ ប៉ុន្តែ​ព្រះ​អង្គ​មិនសូវ​ចេះ​ត្អូញត្អែរ​ឡើយ​។​ ករណី​កិច្ច​ណាមួយ​ដែល​គេ​ត្រូវធ្វើ​ដោយ​កាយ​ក្ដី​ ដោយ​វាចា​ក្ដី​ ដោយ​ចិត្ត​ក្ដី​ អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង​ នៃ​សេចក្ដី​ព្យាយាម​ទាំងអស់​។​ ឥរិយា​បទ​ទាំង​៤​ គឺ​ការ​ដើរ​ ឈរ​ អង្គុយ​ ដេក​ ដែល​នាំ​ឲ្យ​សម្រេចប្រយោជន៍​ទៅ​បាន​ ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ​។​

សម្ដេចព្រះសង្ឃរាជ​ ព្រះ​អង្គ​មាន​វីរិយ​បារមី​ដ៏​បរិបូណ៌​ណាស់​ សូ​ម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ​ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះ​អង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះ​កាយពល​ឡើយ​។​ ដូច​យ៉ាង​ព្រះ​អង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ​ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង​ និង​ពេលវេលា​ទេ​។​ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ​ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់​ ខំប្រឹង​សរសេរ​រៀបរៀង​ តាំងពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន​ លុះ​ទ្រង់​សោយ​យាគូ​រួច​ ចាប់​សរសេរ​តទៅ​ទៀត​ ទាល់តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន​។​ ក្នុង​រយៈវេលា​យប់​មួយ​ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤​ ឬ​៥​ម៉ោង​ប៉ុណ្ណោះ​។​ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម​ នៃ​សម្ដេចព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់​។​
២.​ បដិភាណ​ប្បញ្ញា​ “​បញ្ញា​វាងវៃ​”​ ប្រាជ្ញា​សំដៅយក​ការ​ចេះ​ដឹង​យល់​ទូទៅ​ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេងៗ​តាម​ធម្មតា​។​ ដែល​លោក​ហៅ​ថា​ “​បដិភាណ​ប្បញ្ញា​”​ នោះ​ សំដៅយក​ប្រាជ្ញា​ដែល​កើតឡើង​ភ្លាមៗ​ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម​ មិនបាច់​គិតគូរ​អស់​វេលា​យូរ​ទេ​។​ ប្រាជ្ញា​របស់​សម្ដេច​កើតឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទសួរ​ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់ភ្លឹក​នឹកឃើញ​ ឆ្លើយ​វិញ​បាន​ភ្លាម​ ហាក់ដូចជា​បាន​គូស​ដៅ​ទុក​យូរហើយ​។​ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ​ ប្រកបដោយ​សមត្ថភាព​ ឆាប់​យល់​ហេតុការណ៍​គ្រប់យ៉ាង​ ដែល​អាច​ដឹង​ទាន់​ភ្លាមៗ​ ដូច​អធិប្បាយ​ដោយ​សង្ខេប​មកនេះ​ ហៅ​ថា​ “​បដិភាណ​ប្បញ្ញា​”​។​
​សម្ដេចព្រះសង្ឃរាជ​ មាន​បដិភាណ​ប្បញ្ញា​នេះ​បរិបូណ៌​ណាស់​ ដូច​យ៉ាង​ សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទីប្រជុំ​ណាមួយ​ ដែល​មាន​សមាជិក​ជាន់ខ្ពស់​ ហើយ​គេ​ត្រូវ​សាកសួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់​ ដែល​ទាក់ទង​មក​លើស​ម្ដេច​ភ្លាម​ ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ​។​
៣.​ វេ​សារ​ជ្ជ​ប្បញ្ញា​ “​បញ្ញា​អង់អាច​ ក្លៀវក្លា​”​ ភាព​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ​ ជា​គុណសម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស​។​ ប្រាជ្ញា​របស់​សម្ដេចព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង​ រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់​ អាច​ពោល​បាន​ថា​ សម្ដេច​មាន​វេ​សារ​ជ្ជ​ប្បញ្ញា​គ្រប់គ្រាន់​ ព្រោះ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​កិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​។​ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទីប្រជុំ​ធំៗ​ក្នុង​ប្រទេស​ដទៃ​ ព្រះ​អង្គ​តែង​បន្លឺ​សីហនាទ​ ប្រកបដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា​ អង់អាច​ឥត​ញាប់​ញ័រ​តក់ស្លុត​ចំពោះ​ទីប្រជុំ​នោះ​ឡើយ​។​
​ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច​ ដូច​អធិប្បាយ​ដោយ​សង្ខេប​មកនេះ​ហៅ​ថា​ “​វេ​សារ​ជ្ជ​ប្បញ្ញា​”​។​
៤.​ ធម្មទេសនា​កោសល្យ​ “​ក្លារ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​”
​ភាព​នៃ​ការ​ឈ្លាសវៃ​មាន​ច្រើន​យ៉ាង​ គឺ​ឈ្លាសវៃ​ក្នុង​អំពើ​បាប​ក៏​មាន​ ក្នុង​អំពើ​បុណ្យ​ក៏​មាន​ឈ្លាសវៃ​ក្នុង​អំពើ​ឥតប្រយោជន៍​ក៏​មាន​ ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏​មាន​។​ ការ​ឈ្លាសវៃ​ក្នុង​ទី​នេះ​សំដៅយក​ហេតុការណ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​ ក្នុង​បច្ចុប្បន្ន​ និង​ក្នុង​អនាគត​។​ ដែល​ហៅ​ថា​ “​ធម្មទេសនា​កោសល្យ​”​ សំដៅយក​ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​។​ សម្ដេចព្រះសង្ឃរាជ​ទ្រង់មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​ដោយ​ គ្រប់គ្រាន់​។​
​ធម្មទេសនា​នៃ​សម្ដេច​ប្រកបដោយ​ប្រយោជន៍​ទាំង​ផ្លូវលោក​ ទាំង​ផ្លូវធម៌​ អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផ្លូវខុស​ ផ្លូវត្រូវ​ ឲ្យ​ជឿជាក់​ចំពោះ​ជាតិ​ សាសនា​ និង​ព្រះរាជ​បល្ល័ង្ក​។​ ព្រះ​ធម្មទេសនា​ នៃ​សម្ដេចព្រះសង្ឃរាជ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ​អាច​ បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ព្យាយាម​ មាន​ជំហរ​រឹងប៉ឹង​ ឲ្យ​ប្រឹងប្រែង​ប្រកបការងារ​កុំ​ឲ្យ​ខ្ជិលច្រអូស​ ឲ្យ​មានធម៌​សាមគ្គី​ មូល​មិត្ត​ជា​ឯកភាព​ក្នុង​រវាង​ជាតិ​ សាសនា​ និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង​ ដើម្បី​ឲ្យ​ខ្ពង់ខ្ពស់​ថ្កើង​រុងរឿង​តទៅ​អនាគត​។​ ធម្មទេសនា​នៃ​សម្ដេច​ ឈ្មោះ​ថា​ជា​ធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ ប្រយោជន៍​គ្រប់យ៉ាង​ បំភ្លឺ​ទាំង​ខាង​គុណសម្បត្តិ​ ទាំង​គុណវិបត្តិ​ ជា​ធម្មទេសនា​ប្រកបដោយ​មធ្យោបាយ​ដ៏​ប្រសើរ​វិសេស​ អាច​ដឹកនាំ​ចង្អុលបង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន​ និង​ប្រយោជន៍​អនាគត​ ហៅ​ថា​ជា​ព្រះ​ធ​ម្មួ​ទេសនា​ដាស់​ពុទ្ធបរិស័ទ​ឲ្យ​ភ្ញាក់ខ្លួន​ក្រោក​ឡើង​ ប្រកបការងារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ឲ្យ​សមគួរ​ដល់​កិត្តិយស​ របស់​យើង​រាល់គ្នា​ ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ឲ្យ​ចេះ​ឈឺឆ្អាល​ស្រឡាញ់​ជាតិ​ សាសនា​ និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង​។​

សម្ដេចព្រះសង្ឃរាជ​ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌​។​ ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺត​យោង​ ស្រោចស្រង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹង​ បរិបូណ៌​ឡើង​ទាំង​ផ្លូវពុទ្ធចក្រ​ និង​ផ្លូវអាណាចក្រ​ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើគ្នា​។​ ធម្មទេសនា​របស់​សម្ដេច​គួរ​លើក​ថា​ ជា​ធម្មទេសនា​បើក​លោក​ គឺ​ប្រទេស​កម្ពុជា​ទាំងមូល​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺស្វាង​ រុងរឿង​ឡើង​ដោយ​ពិត​ ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ​ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួនប្រាណ​ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួនឯង​។​
​សម្ដេចព្រះសង្ឃរាជ​ ជា​ព្រះ​ធម្មកថិក​មួយ​ព្រះ​អង្គ​យ៉ាង​ឯក​ ពុំ​មាន​ព្រះ​ធម្មកថិក​ណាមួយ​ប្រៀប​ស្មើ​បាយឡើយ​។​ ធម្មទេសនា​ដែល​ពីរោះ​ក្បោះក្បាយ​ប្រកបដោយ​ពាក្យពេចន៍​ ប្រយោគ​មាន​ប្រធាន​មាន​របៀបរៀបរយ​ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត​ ភ្លាំងភ្លាត់​ទាំង​ប្រកបដោយ​ឧត្ដមគតិ​ ដៅ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ និង​អនាគត​ដូច​សេចក្ដីអធិប្បាយ​មកនេះ​ហៅ​ថា​ “​ធម្មទេសនា​កោសល្យ​”​។​
៥.​ បណីត​សកម្មភាព​ “​សកម្មភាព​ដ៏​ប្រសើរ​”
​ការងារ​របស់​សម្ដេច​ព្រ​អ​សង្ឃរាជ​ សុទ្ធតែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុ​ង​ឧត្ដម​ ចំពោះ​ពុទ្ធបរិស័ទ​ ពុំ​មាន​ការងារ​ណាមួយ​ ដែល​ឥតប្រយោជន៍​នោះ​ទេ​។​
​សម្ដេច​បាន​ធ្វើបុណ្យ​ផ្សេងៗ​ជា​ច្រើន​ដង​ណាស់​ មាន​កឋិនទាន​ជាដើម​ ក្នុង​ឆ្នាំ​នីមួយៗ​បាន​ធ្វើ​កឋិន​២​ ឬ​៣​វត្ត​ រៀង​រាល់​ឆ្នាំ​ ឥត​ដែល​ខាន​ឡើយ​។​
​កិច្ចការ​របស់​សម្ដេច​សុទ្ធតែ​មាន​គោលដៅ​ឆ្ពោះទៅ​រក​សេចក្ដីសុខ​ សេចក្ដីចម្រើន​ ទាំង​លោក​នេះ​ ទាំង​លោក​ខាង​មុខ​ដោយ​ពិតប្រាកដ​ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវប្រវត្តិ​នេះ​។​ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជ​ជីវប្រវត្តិ​ត្រង់​បរិច្ឆេទ​ទី​៥​ ទី​៦​ និង​ទី​១០​។​
​សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ​ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ​ កិច្ចការ​ដែល​ចេះ​តែ​មាន​ ចេះ​តែ​ដើរទៅ​ស្រួល​ មិន​ចេះ​ឈប់​ មិន​ចេះ​គាំង​ នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​ ហៅ​ថា​ “​បណីត​សកម្មភាព​”​។​
​សកម្មភាព​របស់​សម្ដេចព្រះសង្ឃរាជ​ ប្រកបដោយ​ហេតុផល​ល្អ​ណាស់​ អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ​ ដើម្បី​បញ្ជាក់​វរជន​ បញ្ញវន្ត​ទាំង​សម័យ​ចាស់​ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋានុគតិ​ (​ការ​យកតម្រាប់​តាម​)​ បាន​ដោយ​ពិត​ ដោយហេតុ​ដែល​ឃើញ​រូបរាង​ កិច្ចការ​ជា​ភ័ស្តុតាង​ផង​ ទ្រឹស្ដី​ការងារ​ដ៏​ប្រសើរ​យ៉ាងនេះ​ផង​ទើប​ហៅ​ថា​ “​បណីត​សកម្មភាព​”​។​(មានតលេខក្រោ)


0 ផ្តល់មតិបន្ថែម:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds