Love

Myspace HTML Codes & Layout Generators
Myspace Backgrounds

Jan 21, 2014

ប្រវត្តិរូបសង្ខេបសម្តេចព្រះសង្ឃរាជ​ ជួន ណាត ជោតញ្ញាណោ​ (ភាគទី ៥)

​អព្ភូតហេតុ​មុន​ពេល​ដែល​ព្រះ​សង្ឃរាជ​ព្រះ​អាពាធ​
​នៅ​ថ្ងៃ​ពុធ​ ១៣​រោច​ ខែ​ស្រាពណ៍​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​១៩៦៩​ សម្ដេចព្រះសង្ឃរាជ​មាន​ព្រះ​ឱង្កា​រថា​ “​ខ្ញុំ​ពី​យប់មិញ​សុបិននិមិត្ត​មួយ​ចំឡែក​ណាស់​ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស​ មក​អំពី​ទិសឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ ចេតិយ​នោះ​ មាន​ពណ៌​ដូច​មាស​ លុះ​អណ្ដែត​ចូល​មក​ជិត​ ឃើញ​ចេតិយ​នោះ​កាន់តែ​តូច​
ហើយ​បាត់​មួយ​ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា​ អាត្មា​ក៏​លូកដៃ​ទៅ​ទ្រ​ចេតិយ​នោះ​ រួច​ក៏​ភ្ញាក់ខ្លួន​ព្រឺ​ត​ឡើង​ ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤​។​ ព្រះ​ឱង្ការ​ សម្ដេចព្រះសង្ឃរាជ​នេះ​ ក្នុង​ពេល​ប្រជុំ​សង្ឃ​ ដើម្បី​តាំង​គណៈកម្មការ​ធម្ម​វិន័យ​ ក្នុង​ថ្ងៃ​២​កើត​ ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ឆ្នាំ​១៩៦៩​។​ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្កា​រថា​ អង្គការ​ធម្ម​វិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ​ ព្រោះហេតុនោះ​យើង​ត្រូវ​តាំង​គណៈកម្មការ​ជា​ថ្មី​ទៀត​ ដើម្បី​ប្រជុំ​គ្នា​រៀបចំ​ធ្វើ​សៀវភៅ​ធម៌​ ត្រូវ​ដកស្រង់​ធម៌​វិន័យ​ អំពី​បាលី​ និង​អដ្ឋកថា​ មក​រៀបរៀង​អត្ថាធិប្បាយ​ តម្រូវ​តាម​ថ្នាក់​ត្រី​ ទោ​ ឯក​។​
“​ត្រង់​ដែល​អាត្មា​យល់សប្ដិ​ឃើញ​ចេតិយ​នោះ​ ប្រហែលជា​និម្មិត្ត​មួយ​ប្រផ្នូល​ឲ្យ​យើង​ដឹង​ថា​គណៈកម្មការ​ធម្ម​វិន័យ​ របស់​យើង​ នឹង​បាន​សម្រេច​ដោយ​ល្អ​”​។​ ព្រះ​សុបិននិមិត្ត​ នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយគូ​នេះ​ ទុកជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់​។​
​អព្ភូតហេតុ​មួយទៀត​ នៅ​ថ្ងៃ​១៣​កើត​ និង​១៤​កើត​ ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ និង​២៥​ ខែកញ្ញា​ ឆ្នាំ​១៩៦៩​ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២​ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង​ ខៀវ​ ក្រហម​ មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ​ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័​ត្រ​។​
​ជី​វិ​តា​វសាន​បរិច្ឆេទ​ (​កំណត់​អំពី​ទីបំផុត​នៃ​ព្រះ​ជីវិត​)
​រាប់​តាំងពី​ថ្ងៃ​១៣​រោច​ ខែ​ស្រាពណ៍​ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិននិម្មិត្ត​ រហូត​មក​ដល់​ថ្ងៃ​១២​កើត​ ខែភទ្របទ​ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកញ្ញា​ មក​ដល់​ថ្ងៃ​ទី​២៣​ កញ្ញា​ ត្រូវជា​១៤​ថ្ងៃ​ គឺ​សម្ដេច​ចាប់​មាន​អាពាធ​ ក្នុង​ថ្ងៃ​១២​កើត​ ខែភទ្របទ​ ឆ្នាំរកា​ ឯកស័ក​ ព​.​ស​.២៥១៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ កញ្ញា​ ឆ្នាំ​១៩៦៩​ វេលា​ម៉ោង​១៥​ និង​៤៥​នាទី​។​
​ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះ​អង្គ​ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡាព្រះបន្ទំ​ ស្រាប់តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា​ ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡាព្រះបន្ទំ​ភ្លាម​។​ គ្រានោះ​សម្ដេច​មាន​ព្រះ​ឱង្កា​រថា​ “​អាត្មា​ចុក​ទ្រូង​ណាស់​!”​។​ ក្នុង​ពេល​នោះ​ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ​ ក៏​ជំនុំ​ពិគ្រោះគ្នា​ឲ្យ​ព្រះ​សិរិ​វិសុទ្ធ​ ម៉ី​ យ៉ាំ​ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត​ ថោ​ ប៉េង​ថុ​ង​ ទៅ​ក្រសួង​ធម្មការ​។​ គ្រូពេទ្យ​ជា​ច្រើន​នាក់​ គឺ​លោក​ វេជ្ជបណ្ឌិត​ ថោ​ ប៉េង​ថុ​ង​,​ មី​ សា​ម៉ឺ​ឌី​,​ យូ​ គឹ​ម​យាន​,​ ព្រំ​ ភួ​ន​,​ រស​ សារី​,​ និង​លោក​វេជ្ជបណ្ឌិត​ ម៉ា​ ហ្សូ​ ជាតិ​បារាំង​ ក៏​បាន​មក​ជា​បន្ទាប់​គ្នា​ ពិនិត្យ​ឃើញ​ថា​អាការរោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ក្រសួងសុខាភិបាល​ក៏​បាន​ចាត់​លោកគ្រូ​ពេទ្យ​ យូ​ គឹ​ម​យាន​ និង​លី​ គឹ​ម​សាន​ ឲ្យ​មក​នៅ​រក្សា​ព្រះ​រោគ​ប្រចាំការ​ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ១៤​កើត​ ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​២៥​ កញ្ញា​ ១៩៦៩​ វេលា​ម៉ោង​២០​និង​២០​នាទី​ ស្រាប់តែ​ព្រះ​អស្សាសៈ​ បស្សាសៈ​ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង​ អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត​ ក្នុង​គម្រប់​ព្រះ​ជន្ម​៨៦​ព្រះ​វស្សា​ នៅ​លើ​ព្រះ​ទែនសយនា​ ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ​ នៅ​ក្នុង​ព្រះរាជ​ដំណាក់​ព្រះ​អង្គ​ កណ្ដាល​ពួក​ថេរានុត្ថេរៈ​ មាន​ព្រះ​សិរិ​វិសុទ្ធ​ ម៉ី​យ៉ាំ​ និង​ព្រះ​ឥន្ទ​មុនី​ ឆាយ​ ថន​ ជាដើម​ នា​វត្ត​ឧណ្ណាលោម​។​ ក្នុង​ពេល​ដែល​សម្ដេចព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ​ ព្រះសង្ឃ​ច្រើន​អង្គ​ មាន​ព្រះ​សិរិ​វិសុទ្ធ​ ម៉ី​យ៉ាំ​ និង​ព្រះ​ឥន្ទ​មុនី​ ឆាយ​ ថន​ ជាដើម​ ព្រមទាំង​លោក​ ម៉ា​ អុក​ គិលានុបដ្ឋាក​ ក៏​នៅ​កំដរ​ជាមួយ​ដែរ​ មានចិត្ត​រំជួល​ ញាប់​ញ័រ​ ស្រឡាំងកាំង​ ស្ទើរ​ភាន់ភាំង​ស្មារតី​ បាន​ចាត់ការ​ផ្សាយដំណឹង​ទិវង្គត​ ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ភ្លាម​ អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់​ សម្ដេចព្រះ​ពោធិវ័ង្ស​។​ ព្រះ​សិរិ​វិសុទ្ធ​ ម៉ី​យ៉ាំ​ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត​ ថោ​ ប៉េង​ថុ​ង​ ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន​ ទៅ​ក្រសួង​ធម្មការ​ ទៅ​សាលាក្រុង​ ទៅ​ស្នងការដ្ឋាន​ប៉ូ​លី​ស​ភ្លាម​ លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯទៀតៗ​ក្នុង​ក្រុងភ្នំពេញ​។​
​បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេចព្រះសង្ឃរាជ​ជា ​ អម្ចាស់​ភ្លាម​ ក្នុង​រាត្រី​នោះ​ សម្ដេចព្រះ​ប្រមុខរដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​ វត្ត​ឧណ្ណាលោម​ភ្លាម​ ដើម្បី​ក្រាបថ្វាយបង្គំ​ព្រះ​បរមសព​។​ សម្ដេចព្រះ​ពោធិវ័ង្ស​ ក៏​និមន្ត​មក​គង់នៅ​ជិត​ព្រះ​បរមសព​ តាំងពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​ សព​។​
​ដំណាលគ្នា​នេះ​ សម្ដេចព្រះ​មហាក្សត្រី​យា​នី​ ជា​អម្ចាស់​ជីវិត​ ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា​ ក្នុង​ព្រះ​បរមរាជវាំង​ ជា​ព្រះរាជ​តំណាង​មក​ថ្វាយបង្គំ​ព្រះ​បរមសព​ដែរ​ ហើយ​ពេល​ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ លន់​ ន​ល់​ នាយក​រដ្ឋមន្ត្រី​,​ អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ សិរិ​មតៈ​ ឧបនាយករដ្ឋមន្ត្រី​ទី​១​ ព្រមទាំង​សមាជិក​រដ្ឋមន្ត្រី​ ឧកញ៉ា​មហាមន្ត្រី​ កែ​ មាស​ ចាងហ្វាង​ពិធីការ​ព្រះ​បរមរាជវាំង​ និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរមរាជវាំង​ ឧត្ដមសេនីយ៍ឯក​ ង៉ោ​ ហ៊ូ​ ទីប្រឹក្សា​សម្ដេចព្រះ​ប្រមុខរដ្ឋ​ លោក​ ឌី​ ទូច​ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ លោក​អ៊ី​ ទុ​យ​ អភិបាល​ ក្រុងភ្នំពេញ​ ឯកឧត្ដម​ ទិ​ម​ ដុ​ង​ ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្តកណ្ដាល​ ព្រមទាំង​នាយទាហានជាន់ខ្ពស់​ទាំងឡាយ​ សហជីវិន​ លាង​ ហ័​ប​អាន​ នាយក​វិជ្ជាឋាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី​ មាន​លោក​ ទា​ ប៊ុ​ន​ឡុ​ង​ ជាដើម​។​
​អស់លោក​អ្នក​ឥស្សរជន​ធំ​តូច​ ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​ ក្នុង​វេលា​រាត្រី​១៤​កើត​ ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែកញ្ញា​នោះ​ សុទ្ធតែ​មានមុខ​ស្រពោន​ ក្រៀមក្រំ​គ្រប់ៗ​គ្នា​ ដោយ​សេចក្ដី​សោកស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃ​លែង​ បាន​ចូល​មក​សម្ដែង​មរណទុក្ខ​ សោកស្ដាយ​ ក្រៀមក្រំ​ រំជួល​ចំពោះ​ព្រះ​បរមសព​ ដោយ​គ្រប់​គ្នា​ទាំងអស់​។​
​បន្ទាប់​ពី​ពេល​នោះ​មក​ ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ​ រាជ​ កឹង​ មេគណក្រុង​ភ្នំពេញ​ និង​ព្រះ​មុនី​កោសល្យ​ សូរ​ ហា​យ​ ចៅអធិការ​វត្ត​និរោធ​រង្សី​ ជាដើម​ ព្រមទាំង​ព្រះ​រាជាគណៈ​ និង​ឋានានុក្រម​ ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត​ សុទ្ធតែ​មានមុខ​ក្រៀមក្រំ​ ស្រងូតស្រងាត់​គ្រប់ៗ​អង្គ​ ដោយ​សេចក្ដី​ស្ដាយស្រណោះ​អាឡោះអាល័យ​ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់​។​
​លំដាប់​តម​ក​ទៀត​ ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣​ ចេះ​តែ​មាន​ពុទ្ធបរិស័ទ​ ទាំង​បព្វជិត​ ទាំង​គ្រហស្ថ​ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយៗ​ នាំ​គ្នា​ឈរ​ត្រៀបត្រា​ ពាសពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់​ ទាំង​អស់លោក​អ្នករាជការ​ក្នុង​ក្រុងភ្នំពេញ​ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជាដើម​ បាន​នាំ​គ្នា​មក​ជា​លំដាប់លំដោយ​ ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះ​បរមសព​សុទ្ធតែ​មានទឹក​មុខជ្រប់​ស្រពោន​ ស្ទើរតែ​គ្រប់ៗ​គ្នា​ ខ្លះ​មាន​ជលនេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត​ ពេល​ជា​លំដាប់​មក​ទៀត​ ចេះ​តែ​មាន​ពុទ្ធបរិស័ទ​ ទាំង​គ្រហស្ថ​ បព្វជិត​ ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម​ យ៉ាង​ណែនណាន់តាន់តាប់​រហូត​ទាល់តែ​ភ្លឺ​។​ លោក​អ្នកខ្លះ​មាន​ទឹកភ្នែក​ហូរ​រហាម​ ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា​ ឱ​!​ សម្ដេចព្រះសង្ឃរាជ​ ចូល​ទិវង្គត​ហើយ​តើ​!​ សូ​ម្បី​ព្រះ​អង្គ​ មាន​ព្រះ​ជន្ម​៨៦​ពិតមែន​ ប៉ុន្តែ​យើងខ្ញុំព្រះអង្គ​នៅ​តែ​ស្ដាយស្រណោះ​ ចង់​ឲ្យ​សម្ដេច​គង់នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើងខ្ញុំព្រះអង្គ​ធ្លាប់​ ស្ដាប់​ព្រះរាជ​ឱវាទ​ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់​ ឥឡូវនេះ​ស្រាប់តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត​ ទៅ​កាន់​បរលោក​នាយ​ចោល​យើងខ្ញុំ​ទៅ​ហើយ​។​ ការ​ចូល​ទិវង្គត​នៃ​សម្ដេចព្រះសង្ឃរាជ​នេះ​ នាំ​ឲ្យ​ទូលព្រះបង្គំ​គ្រប់​រូប​រហេងរហាង​ ត្រមង់​ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ ហើយ​។​
​សម្ដេចព្រះសង្ឃរាជ​ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ​ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍​ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា​ ទាំង​ផ្លូវលោក​ ទុក​ឲ្យ​ពុទ្ធបរិស័ទ​ជា​ច្រើន​ណាស់​ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះពុទ្ធ​សាសនា​ លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំ​ថ្កើ​ន​រុងរឿង​ រួម​ជាមួយនឹង​សម្ដេចព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខរដ្ឋ​ដែល​យឹតយោង​ប្រជា​ ពលរដ្ឋ​ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព​ សាមគ្គីភាព​ សន្តិភាព​ បាន​ឯករាជ្យ​ដ៏​បរិបូរណ៍​ ដូច​សេចក្ដី​ប្រាថ្នា​ ហើយ​យ៉ាងណា​សម្ដេចព្រះសង្ឃរាជ​ មាន​ព្រះរាជ​ជីវប្រវត្តិ​ល្អ​ណាស់​ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាងនោះ​ដែរ​។​
​ព្រឹក​ឡើង​ ថ្ងៃ​១៥​កើត​ ខែភទ្របទ​ (២៦​ កញ្ញា​)​ អស់លោក​ឥស្សរជន​ បាន​ប្រជុំ​តាំង​គណៈកម្មការ​មួយ​បណ្ដោះអាសន្ន​សម្រាប់​ចាត់ការ​បុណ្យ​ ព្រះ​បរមសព​តទៅ​។​((((((
(នៅមានតលេខក្រោយ)

0 ផ្តល់មតិបន្ថែម:

Post a Comment

Myspace HTML Codes & Layout Generators
Myspace Backgrounds